អ្នក​រស់នៅ​ភូមិ​បណ្ដែត​ទឹក​នៅ​អរិយក្សត្រ​ព្រម​រុះរើ

ដោយ សែន ដាវីត, ភ្នំពេញប៉ុស្ដិ៍, ថ្ងៃទី ២២ ខែមិថុនា​ ឆ្នាំ ២០១៥

កណ្តាលៈអ្នក​រស់នៅ​ភូមិ​បណ្តែត​ទឹក​នៅ​ អរិយក្សត្រ​ចំនួន ​៤៤​ គ្រួសារ​ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​ដែល​ចូល​មក​រស់​នៅក្នុង​ទឹកដី​ កម្ពុជា​ខុស​ច្បាប់​ជាង​ ៣០ ឆ្នាំ​មក​ហើយ​​នោះ​នៅ​ទីបំផុត​បាន​រុះរើ​ផ្ទះ​លើ​ទឹក​របស់​ខ្លួន​ចេញ​នៅ​មុន ​ថ្ងៃ​កំណត់​របស់​អាជ្ញាធរ​ឲ្យ​ចាកចេញ​នៅ​ត្រឹម​ថ្ងៃ​ទី​ ២២​ ខែ​មិថុនា​​នេះ។

លោក តាតឹក ប្រធាន​សមាគម​វៀតណាម​នៅ​ភូមិ​អរិយក្សត្រ​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ទល់​ថ្ងៃ​ម្សិលមិញ អ្នក​ភូមិ​រស់នៅ​ភូមិ​បណ្តែត​ទឹក​នៅ​ជិត​កំពង់​ចម្លង​អរិយក្សត្រ​ចំនួន​ ៤៤ ​គ្រួសារ​បាន​យល់ព្រម​រើ​ផ្ទះ​ចាកចេញ​អស់​ហើយ​ពីព្រោះ​​ពួកគេ​ខ្លាច​ អាជ្ញាធរ​ចុះ​មក​បង្ខំ​ឲ្យ​ចាកចេញ​នាំ​ឲ្យ​មាន​ការ​ខូចខាត​។​

លោក​បញ្ជាក់​ថា​៖ «ពួកគេ​កំពុង​រក​កន្លែង​ថ្មី​ជ្រក​ពីព្រោះ​បើ​បន្ត​រស់នៅ​លើ​ទឹក​ទៀត​ខ្លាច​ អាជ្ញាធរ​ចុះ​មក​រុះរើ​នាំ​ឲ្យ​ខូចខាត​របស់របរ​ធ្ងន់ធ្ងរ ហើយ​មិន​មាន​អ្នក​ទទួល​ខុស​ត្រូវ»។

អ្នកភូមិ​ម្នាក់​ ឈ្មោះ ​បាន ប្រាក់ ​អាយុ​ ៥៨ ឆ្នាំ​ និយាយ​ថា​ភាគច្រើន​អ្នក​រស់នៅ​ទី​នោះ​មិន​ហ៊ាន​តវ៉ា​​ទេ​ ព្រោះ​ដឹង​ថា​ខ្លួន​ជា​ជនជាតិ​វៀតណាម​រស់នៅ​លើ​ទឹកដី​កម្ពុជា​ខុស​ច្បាប់​។​

លោក​ថា​៖ «មិន​ហ៊ាន​តវ៉ា​អី​ទេ​ព្រោះ​យើង​ជា​វៀតណាម​មិនមែន​ខ្មែរ​ទេ​គ្មាន​សិទ្ធិ​ រស់នៅ​ខុស​ច្បាប់​ទេ​តែ​គ្រាន់តែ​ឆ្ងល់​រស់នៅ​ជាង​ ៣០ ​ឆ្នាំ​ហើយ​ទើប​តែ​ដេញ​នៅពេល​នេះ​ហើយ​ទុក​ពេល​ខ្លី​ទៀត»។

អ្នក​ភូមិ​រស់នៅ​ភូមិ​បណ្តែត​ទឹក​ជិត​កំពង់ចម្លង​អរិយក្សត្រ​បាន​ស្នើ​​ ទៅ​អាជ្ញាធរ​ឲ្យ​ពន្យារពេល​ការ​រុះរើ​ចំនួន​ ៨ ខែ ដើម្បី​ទុក​ពេល​រក​កន្លែង​ថ្មី និង​លក់​បែរ​ត្រី​របស់​ខ្លួន​តែ​អាជ្ញាធរ​មិន​ព្រម​តាម​សំណើ​នោះ​ទេ។

លោក ប៊ុន ផេង អភិបាល​ស្រុក​ល្វាឯម​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​កាលពី​ថ្ងៃ​ទី​ ១៥ មិថុនា​ ឲ្យ​សហគមន៍​​អ្នក​រស់នៅ​លើ​ភូមិ​បណ្តែត​ទឹក​​ចំណុច​កំពង់​ចម្លង​អរិយក្សត្រ​ ត្រើយ​ខាង​កើត​ស្ថិត​នៅ​ឃុំ​អរិយក្សត្រ​ឲ្យ​ចាកចេញ​ជា​បន្ទាន់​យ៉ាង​យូរ​ ត្រឹម​ថ្ងៃ​ទី​ ២២ ខែ​មិថុនា​នេះ បើ​មិន​ដូច្នោះ​ទេ​កម្លាំង​ចម្រុះ​នឹង​ចុះ​រុះរើ​នៅ​ថ្ងៃ​ ២៥ មិថុនា​ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​​បាត់បង់​ទ្រព្យសម្បត្តិ​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>