បទយកការណ៍៖ វៀតណាម​រស់នៅ​ផ្ទះ​លើ​ទឹក​នៅ​អរិយ​ក្សត្រ​ចាប់ផ្តើម​រើ​ទីតាំង បន្ទាប់ពី​អាជ្ញាធរ​ព្រមាន​ចាត់វិធានការ​​

ផ្ទះបណ្តែតទឹក​របស់​ប្រជាពលរដ្ឋ​នៅ​កំពង់ចម្លង​អរិយ​ក្សត្រត្រើយ​ខាងកើត (រូបថត៖ ទេព សូនី)

 

ស្តាប់សំឡេង៖​

ចម្លងទុក

ជនជាតិ ​វៀតណាម ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ជាច្រើន​ខ្នង ជាប់​កំពង់ចម្លង​អរិយ​ក្សត្រ នៅ​ត្រើយ​ខាងកើត​ព្រះបរមរាជវាំង ស្ថិតនៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល កំពុង​រើ​ផ្ទះ​ជា​បណ្តើរៗ ទៅ​តាំង​លំនៅ​ថ្មី បន្ទាប់ពី​អាជ្ញាធ​រដាក់​កំហិត​ឲ្យ​អ្នក​ទាំងនោះ​រើចេញ ដោយ​ចាត់ទុក​ថា​រស់នៅ​អនាធិបតេយ្យ ។

កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែមិថុនា អភិបាល​ស្រុក​ល្វាឯម លោក ប៊ុន ផេង ចេញ​លិខិត​បញ្ជា​ឲ្យ​ប្រជាជន​ដែល​ស្នាក់នៅ​ខុស​ច្បាប់​លើ បែ ផែ  និង​ទូក​លើ​ផ្ទៃ​ទឹក​ចំណុច​អរិយ​ក្សត្រ រើ​ទីតាំង​ចាក​ចេញ​ជា​បន្ទាន់ យ៉ាង​យូរ​បំផុត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៥​នេះ ។ ខ្លឹមសារ​លិខិត​បញ្ជាក់​ថា ក្នុងករណី​អ្នក​ទាំងនោះ​មិន​រើចេញ​ទេ កម្លាំងចម្រុះ​នឹង​ចុះ​អនុវត្ត ហើយ​មិន​ទទួលខុសត្រូវ​ចំពោះ​រាល់​សម្ភារ​ដែល​ខូចខាត​នោះឡើយ ។

​ក្នុង​ដៃ​កាន់​វែក​ឆា កំពុង​ធ្វើ​ម្ហូប​នៅលើផ្ទះ​លើទឹក អ្នកស្រី សៀង កញ្ញា អះអាងថា គាត់​បាន​រស់នៅ​ផ្ទះ​លើទឹក​រយៈពេល​២៧​ឆ្នាំ​មកហើយ ថែមទាំង​មាន​ប័ណ្ណ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​ទៀតផង ។ អ្នកស្រី​បន្ត​ថា ពី​មុន​គាត់​បាន​រស់នៅ​តំបន់​ជ្រោយចង្វារ តែ​ក្រោយមក​បាន​រើ​មក​តាំង​លំនៅ នៅ​អរិយ​ក្សត្រ​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​នេះ ។ សំឡេង​៖
​យ៉ាងណា​ក៏​ដោយ​អ្នកស្រី​បន្តថា នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​ខាងមុ​នេះ គាត់​នឹង​រើ​ផ្ទះ​ចេញពី​តំបន់​នោះ​ទៅ​តាំង​លំនៅ​ថ្មី នៅ​កន្លែង​ថ្មី តែ​គាត់​បញ្ជាក់​ថា ការ​ទៅ​តាំង​លំនៅ​ថ្មី​នេះ គឺ​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា​ដដែល មិនមែន​ទៅ​វៀតណាម​នោះ​ទេ ។

​បុរស​ម្នាក់​ទៀត​ដែល​អះអាង​ថា ជា​ជនជាតិ​ខ្មែរ​កាត់​ចិន តែ​ជា​ឪពុកធម៌​របស់​ជនជាតិ​វៀតណាម គឺ​លោក ម៉ឺន ហេង មានប្រសាសន៍ថា កូនធម៌​របស់ខ្លួន​បាន​រស់នៅ​ផ្ទះ​លើ​ទឹកជា​យូរណាស់​មកហើយ ដោយ​ប្រកប​របរ​នេសាទ ។ លោក​ថា បន្ទាប់ពី​ទទួល​ដំណឹង​ថា អាជ្ញាធរ​បញ្ជា​ឲ្យ​រើ​ចេញ​ពី​តំបន់​នោះ កូនធម៌​របស់​គាត់​បា​ន​រើចេញ​តាំង​ពី​ម្សិលមិញ​ម្ល៉េះ ។

​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទីនោះ​បញ្ជាក់ថា មុនពេល​មាន​ចំណាត់ការ​របស់​អាជ្ញាធ​រ មានផ្ទះ​ជនជាតិ​វៀតណាម​រស់នៅ​លើ​ទឹក​ប្រមាណ​៨០​ផ្ទះ តែ​ក្រោយ​ពី​មាន​ចំណាត់ការ​នេះ នៅ​នោះ​សល់​ផ្ទះ​តែ​ប្រមាណ ១០​ប៉ុណ្ណោះ ព្រោះ​អ្នក​ផ្សេង​ទៀត​បាន​រើ​ចេញ​អស់ហើយ ។ ពួក​គេ​អះអាង​ថា ផ្ទះ​ដែល​នៅសល់​នឹង​រើ​ចេញ​ទៅ​តាំង​លំនៅ​ថ្មី​ជា​បន្ត​ទៀត ដោយ​មិន​មាន​ការត៉​វា​អ្វី​ឡើយ ។

តាម​ការសង្កេត ផ្ទះ​នៅលើ​ទឹក​របស់​ជនជាតិ​វៀតណាម​ខ្លះ​មាន បង្គន់ ទូរទស្សន៍ និង​មាន​ត​ខ្សែភ្លើង​ពី​លើ​គោក​ភ្ជាប់​តាម​ផ្ទះ​ទឹក​មួយ​ចំនួន​ផងដែរ ។

VOD មិនអាច​សុំ​ការអត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​ពីលើ​លិខិត​ជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ​អភិបាលស្រុក​ល្វាឯម​លោក ប៊ុន ផេង បានទេ ។ ចំណែក​អភិបាលរង​ខេត្ត​កណ្តាល​លោក ជឹម សុខ​ខុន សុំ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ ដោយ​ស្នើ​ឲ្យទៅ​សួរ​អភិបាលរងខេត្ត​មួយទៀត ។​

​យ៉ាងណាក៏ដោយ អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម​លោក កែម ឡី យល់ថា ចំណាត់ការ​នេះ​ធ្វើឡើង ដើម្បី​ស្តារ​មុខមាត់​ប៉ុណ្ណោះ ហើយ​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះទេ ។ លោក​បន្តថា រដ្ឋាភិបាល​គួរ​យក​ច្បាប់​មក​អនុវត្ត​លើ​ជនអន្តោប្រវេសន៍​ទាំងនោះ ជាពិសេស​ច្បាប់​អន្តោប្រវេសន៍​ជាអាទិ៍ ។

ចំណែក​បុរស​ម្នាក់​ទៀត​លោក កែវ សុរិន អាយុ​៦៥​ឆ្នាំ ដែល​អះអាងថា​ជា​ជនជាតិខ្មែរ​មានប្រសាសន៍ថា ដំបូង​ឡើយ​គាត់​រស់​នៅ​ព្រែក​ព្នៅ តែ​បន្ទាប់​ពី​អាជ្ញាធរ​បណ្តេញចេញ​ពី​តំបន់​នោះ គាត់​ក៏​មក​តាំង​លំនៅ នៅ​អរិយ​ក្សត្រ​នេះ​វិញ​ម្តង ។ លោក​បន្តថា បច្ចុប្បន្ន​លោក​ប្រកប​របរ​នេសាទ​ក្នុង​មួយ​ថ្ងៃ​រក​ចំណូល​បាន​ពី  ១ ម៉ឺន​ទៅ ២​ម៉ឺន​រៀល តែ​ថ្ងៃ​ខ្លះ​រក​មិន​បាន ។ យ៉ាងណា​ក៏​ដោយ​លោក​ថា នៅ​យប់​នេះ គាត់​នឹង​រើ​ផ្ទះ​ចេញពី​តំបន់​នោះ ទៅ​តាំង​លំនៅ​ថ្មី ឬ​អាច​សុំ​ស្នាក់អាស្រ័យ​នៅ​តាម​វត្ត ។

​បច្ចុប្បន្ន​មិន​មាន​របាយការណ៍​ណា​មួយ​បង្ហាញ​តួលេខ​ជា​ផ្លូវការ ពី​ចំនួន​ជនជាតិ​វៀតណាម​កំពុង​រស់​នៅ​កម្ពុជា​នោះទេ ។ តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ពលរដ្ឋ​វៀតណាម​រស់នៅ​កម្ពុជា​មាន​ចំនួន ១០​ម៉ឺន​នាក់  សម្រាប់​សង្គម​ស៊ីវិល​អះអាង​ថា មាន​ប្រមាណ​១​លាន​នាក់ តែ​សម្រាប់​គណបក្ស​ប្រឆាំង​អះអាងថា វៀតណាម​មាន​ប្រមាណ​២​លាន​នាក់ ៕

ដោយ ឡាយ សាមាន, VOD, ថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០១៥

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>