ជីវិត​វៀតណាម​នៅ​លើ​ទឹក​ក្នុង​ភូមិ​​អរិយក្សត្រ​និង​ផល​ប៉ះពាល់​សុខភាព​-​​បរិស្ថាន

ដោយ សិរីមុនី, វិទ្យអាស៊ីសេរី, ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៥

ពលរដ្ឋវៀតណាម សុំពន្យារពេលការតាំងទីលំនៅលើដងទន្លេចតុមុខ នៅតំបន់កំពង់ចម្លងអរិយក្សត្រ ភូមិអរិយក្សត្រ នៅទល់មុខកោះពេជ្រ រហូតដល់ដើមឆ្នាំ២០១៦ ខាងមុខ។ ការសន្យាសុំពន្យារពេលរស់នៅលើដងទន្លេនេះ នៅបន្ទាប់ពីអាជ្ញាធរស្រុកល្វាឯម បានបណ្ដេញជនជាតិវៀតណាម ទាំងនេះចេញពីការរស់នៅលើដងទន្លេចតុមុខនេះ។

អ្នកជំនាញផ្នែកសុខភាពពន្យល់ថា ការបោះសំរាម ការចិញ្ចឹមត្រី និងការបន្ទោបង់ចូលក្នុងទឹក គឺជាហេតុធ្វើឲ្យទឹកខ្វះសុវត្ថិភាព និងជាប្រភពនៃមេរោគ។ ប្រជាពលរដ្ឋខ្មែរដែលរស់នៅអរិយក្សត្រនោះដែរ សាទរចំពោះចំណាត់ការនេះ ដោយពួកគាត់លើកឡើងថា ការរស់នៅលើទឹករបស់ពលរដ្ឋវៀតណាម មិនមានអនាម័យ និងធ្លាប់បង្កបញ្ហាក្នុងរស់នៅដល់ពួកគាត់ ពិសេសគឺបញ្ហាសុខភាព។

ពលរដ្ឋវៀតណាម រស់នៅលើទឹកទន្លេចតុមុខ ស្ថិតនៅក្នុងឃុំអរិយក្សត្រ មិនជំទាស់ទៅនឹងចំណាត់ការរបស់អាជ្ញាធរនោះទេ ប៉ុន្តែពួកគាត់កំពុងស្វែងរកសុំការពន្យារពេលរស់នៅទីនោះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៦។

ពលរដ្ឋវៀតណាម សុំពន្យារពេលរស់នៅលើទន្លេចតុមុខ នៅទល់មុខព្រះបរមព្រះរាជវាំងបន្តនេះ ដោយសារតែពួកគាត់ចិញ្ចឹមត្រីចង់ឲ្យត្រីធំល្មមចាប់លក់ជាមុនសិន។

អាជ្ញាធរខេត្តកណ្ដាល ប្រកាសដេញជនវៀតណាម ដែលការរស់នៅខុសច្បាប់នៅកំពង់ចម្លងអរិយក្សត្រ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ឲ្យចាកចេញដោយគ្មានលក្ខខណ្ឌ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅ ក៏ប៉ុន្តែការបណ្ដេញចេញនេះ មិនបានបញ្ជាក់ច្បាស់ថា  តើបណ្ដេញទៅប្រទេសវៀតណាមវិញ ឬយ៉ាងណានោះទេ?

ជនជាតិវៀតណាម ដែលរស់នៅលើទឹកនៅម្ដុំកំពង់ចម្លងអរិយក្សត្រ មានចំនួន ៤៣គ្រួសារ និងមានសមាជិកប្រមាណជិត ៣០០នាក់។ ពលរដ្ឋទាំងនេះមកតាំងទីលំនៅតាំងពីឆ្នាំ២០០៩ ខ្លះមកនៅកាលពីឆ្នាំ២០១០ ដោយមានសៀវភៅស្នាក់នៅដែលចេញដោយអាជ្ញាធរស្រុកល្វាឯម ត្រឹមត្រូវ។ រីឯពលរដ្ឋពលវៀតណាម ចំនួន ១៦៤គ្រួសារទៀតរស់នៅលើគោក នៅឃុំអរិយក្សត្រ ដូចគ្នា អាជ្ញាធរមិនបណ្ដេញចេញទេ។

វៀតណាម អរិយក្សត្រ ៦២០

ទិដ្ឋភាពនៅក្នុងភូមិអរិយក្សត្រ ឬហៅភូមិវៀតណាម ស្រុកល្វាឯម ខេត្តកណ្ដាល។ រូបថតថ្ងៃទី១១ មិថុនា ឆ្នាំ២០១៥។

ការមកអាស្រ័យផលជាអ្នកចិញ្ចឹមត្រី ជាជាងឈើ អាជីវករ និងកម្មករសំណង់ជាដើមរបស់ពលរដ្ឋវៀតណាម នៅភូមិអរិយក្សត្រ ទល់មុខកោះពេជ្រនេះ ស្ទើរតែសង់លំនៅឋានរស់នៅជាលំនៅអចិន្ត្រៃយ៍ទៅហើយ។

ទោះបីអាជ្ញាធរខេត្តកណ្ដាល ប្រកាសដេញចេញជនជាតិវៀតណាម ឲ្យចេញជាកំហិតក៏ដោយ ប៉ុន្តែពលរដ្ឋវៀតណាម មិនតវ៉ា និងមានសកម្មភាពធម្មតាហាក់ដូចជាមិនខ្វល់ខ្វាយអ្វីជាខ្លាំងនោះទេ។

ផ្ទះទឹកមួយរបស់ជនជាតិវៀតណាម ដែលមានសមាជិក ៤ ទៅ ៥នាក់ កំពុងមើលទូរទស្សន៍យ៉ាងសាមញ្ញ និងហាក់មិនខ្វល់ ខណៈដែលសេចក្ដីប្រកាសបណ្ដេញខ្លួនចេញស្ថិតនៅលើធ្នើរនៃច្រកទ្វារ ចូលផ្ទះរបស់ខ្លួន តែម្នាក់ៗបែរជាតាមដានមើលរឿងបរទេសដោយជក់ចិត្តដិតអារម្មណ៍ មិនគិតពីបញ្ហាប្រឈមនៃការរើផ្លាស់ទីលំនៅនោះទេ៖ «សំឡេងភាពយន្តក្នុងទូរទស្សន៍»

ស្ត្រីវ័យចំណាស់ម្នាក់ ដៃស្ដាំទាញកូនកន្សែង ដៃឆ្វេងដុសកូនកន្សែងផ្ទប់នឹងក្ដារបន្ទះក្នុងចានដែកបោកខោអាវ គាត់មានឈ្មោះថា ហ្វៀង ធឿង។ គាត់កំពុងបោកខោអាវនៅលើផ្ទះទឹក។ នៅពេលនិយាយពីការដេញចេញ គាត់ប្រែមុខស្រពោន ហាក់គ្មានសង្ឃឹមក្នុងចិត្ត និងរស្មីជីវិតត្រូវរលត់ក្រោមដំណក់ភ្លៀងលើផ្ទៃសាគរ។ ស្រីវៀតណាម រួបនេះបែរជាសំដែងពីទុក្ខព្រួយនៅពេលផ្លាស់ទីលំនៅនឹងត្រូវមក ដល់នៅពេលខាងមុខ៖ «ខ្ញុំរស់នៅទីនេះជាង ១០ឆ្នាំហើយ។ មកពីប្រទេសវៀតណាម ២០ឆ្នាំជាង»

មេភូមិអរិយក្សត្រ ឬភូមវៀតណាម ដែលជាជនជាតិវៀតណាម ដែរនោះ លោក ស្រឿង តឺយ លើកឡើងថា ប្រជាជនវៀតណាម ៤៣គ្រួសារដែលរស់នៅលើផ្ទះទឹក សុទ្ធតែមានសៀវភៅស្នាក់នៅដែលចេញដោយអាជ្ញាធរស្រុកល្វាឯម។ លោកលើកឡើងដោយផ្នែកតាមអតីតកាលថា កាលពីមុនបងប្អូនវៀតណាម មកតាំងទីលំនៅដំបូងអាជ្ញាធរអនុញ្ញាតឲ្យរស់នៅ ស្រាប់តែពេលនេះមកដេញដោយប្រញាប់ប្រញាល់ជាទីបំផុតទៅវិញ។

លោកមិនគាំទ្រចំពោះចំណាត់ការបណ្ដេញចេញរបស់អាជ្ញាធរខ្មែរនេះទេ៖ «អូ! ឥឡូវរកទិសដៅមិនឃើញទេ ខាងស្រុកនេះគេរកកន្លែងខាងក្រោមនេះ ត្រឹមព្រែកអង់កឹម។ គេប្រុងឲ្យនៅហ្នឹង តែប្រជាជនស្ទង់ទឹកមើលបែរចត់អត់បាន ទឹករាក់ …មិនដឹងទៅណាទេ»

ឆ្លើយតបបញ្ហានេះ អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភារុណ មានប្រសាសន៍ថា ពលរដ្ឋវៀតណាម ដែលរស់នៅលើទឹកទាំងនោះ អាជ្ញាធរប្រកាសបណ្ដេញចេញ ព្រោះពួកគាត់មិនមានឯកសារស្របច្បាប់ ដូច្នេះអាជ្ញាធរត្រូវតែអនុវត្តតាមច្បាប់អន្តោប្រវេសន្ត។

លោក ម៉ៅ ភារុណ៖ «បើរកឃើញថា គាត់មានឯកសារស្របច្បាប់ យើងនឹងចាត់វិធានការ ប៉ុន្តែចាំបាច់មិនឲ្យនៅក្នុងទឹកតាមមាត់ទន្លេដែលមិនមានការ ទទួលខុសត្រូវពីអាជ្ញាធរត្រឹមត្រូវនោះទេ។ វាធ្វើឲ្យមានបញ្ហា ទី១ សន្តិសុខសង្គម និងទី២ បរិស្ថាន។ ដូចគាត់ចិញ្ចឹមត្រី គាត់បន្ទោបង់ក្នុងទឹកជាដើម»

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្បែរភូមិវៀតណាម ឬភូមិអរិយក្សត្រ សាទរចំពោះសេចក្ដីប្រកាសរបស់អាជ្ញាធរស្រុកល្វាឯម ខេត្តកណ្ដាល ដែលបណ្ដេញចេញជនជាតិវៀតណាម។ ពលរដ្ឋបន្តថា បើដេញចេញអាជ្ញាធរត្រូវបញ្ជូនជនជាតិវៀតណាម ទាំងនោះ ទៅប្រទេសវៀតណាម វិញ មិនមែនគ្រាន់ចេញសេចក្ដីប្រកាសឲ្យចាក់ចេញពីអរិយក្សត្រ ហើយទៅតាំងទីលំនៅថ្មីនៅកន្លែងផ្សេងនោះឡើយ៖ «វាចាប់ខ្មែរយើង វាចាប់យកទៅពន្លិចទឹកកណ្ដាលទន្លេ។ ខ្ញុំចង់ឲ្យតែដេញចេញទៅ»

នាយកលេខាធិការដ្ឋាននៃអង្គការសិទ្ធលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា បើសិនជនជាតិវៀតណាម ដែលរស់នៅលើទឹកនៅកំពង់ចម្លងអរិយក្សត្រ មិនមានឯកសារជាជនអន្តោប្រវេសន៍ស្របច្បាប់នោះទេ។ អាជ្ញាធរត្រូវអនុវត្តច្បាប់អន្តោប្រវេសន្តដោយបញ្ជូនពលរដ្ឋវៀតណាម ទាំងនោះទៅប្រទេសវៀតណាម វិញ។

លោកជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយត្រូវចាត់វិធានការស៊ើប អង្កេតភ្លាមៗចំពោះអាជ្ញាធរថ្នាក់ក្រោម ដែលបានប្រព្រឹត្តអំពើសូកប៉ាន់តាមរយៈការធ្វើសៀវភៅស្នាក់នៅឲ្យ ពលរដ្ឋវៀតណាម ខុសច្បាប់ទាំងអស់នោះ។

វៀតណាម អរិយក្សត្រ ៣០៥

ជនជាតិវៀតណាម នេសាទត្រីនៅភូមិអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។

ជំពូកទី២ ស្ដីពីជនបរទេសមិនមែនអន្តោប្រវេសន្តមាត្រា៨ វាក្យខណ្ឌទី១ នៃច្បាប់អន្តោប្រវេសន៍ ចែងថា ជនបរទេសមិនមែនអន្តោប្រវេសន៍អាចស្នាក់នៅក្នុងប្រទេសកម្ពុជា បាន ត្រូវមានការអនុញ្ញាតចូលជាមុនពីរដ្ឋាភិបាលកម្ពុជា តាមរយៈទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ឬតាមរយៈអាជ្ញាធរបទេសណាមួយដែលតំណាងឲ្យផលប្រយោជន៍នៃ ព្រះរាជាណាចក្រកម្ពុជា នៅក្រៅប្រទេស។

ក្រៅពីការរស់នៅខុសច្បាប់របស់ប្រជាពលរដ្ឋវៀតណាម មួយចំនួននៅកម្ពុជា នេះ ពលរដ្ឋមួយចំនួនលើកឡើងថា ពលរដ្ឋវៀតណាម ដែលរស់នៅលើទឹកបានបង្កការលំបាកយ៉ាងខ្លាំងក្នុងប្រើប្រាស់ទឹក ដែលជាហេតុបណ្ដាលឲ្យទឹកមិនស្អាត។ ទឹកមិនស្អាត ព្រោះពលរដ្ឋវៀតណាម ទាំងនោះមានបែចិញ្ចឹមត្រីក្នុងទឹក ចោលសំរាមក្នុងទន្លេ និងបន្ទោបង់ក្នុងទឹកជាដើម៖ «ទេ! អាណិតមិនអាណិតឲ្យវាទៅៗ វាពិបាកគ្រប់សព្វហើយ។ ពិបាកទាំងងូតទឹក ផឹងទឹក។ សព្វថ្ងៃដូចទឹកអាចម៍យួនហើយ»

លោកវេជ្ជបណ្ឌិត លាន សុភ័ក្រ ឯកទេសថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត បញ្ចប់ការបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត ពន្យល់ថា ទឹកជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់សុខភាពមនុស្សឲ្យមានភាព ល្អប្រសើរ។ ប៉ុន្តែទឹកក៏ជាប្រភពនៃមេរោគដែរ បើសិនទឹកនោះមិនស្អាត និងគ្មានសុវត្ថិភាព។ លោកវេជ្ជបណ្ឌិតពន្យល់ថា ការពលរដ្ឋបោះសំរាម ចិញ្ចឹមត្រី និងបន្ទោបង់ចូលទៅក្នុងទឹក វាគឺជាប្រភពនៃប៉ារ៉ាស៊ីត និងមេរោគឆ្លងផ្សេងៗ។

លោកវេជ្ជបណ្ឌិត លាន សុភ័ក្រ៖ «ទឹកមានមេរោគ មេរោគវាចូលទៅក្នុងខ្លួនយើងចូលទៅក្នុងឈាមយើង ហើយចូលទៅផ្លូវរំលាយអាហារយើង វាបង្កឲ្យមានជំងឺរាករូសទី១ ទី២ ធម្មតាលាមកមនុស្សយើង និងសំរាម វាមានផ្ទុកទៅដោយមេរោគ និងប៉ារ៉ាស៊ីត និងសត្វល្អិត។ ហើយសត្វល្អិតហ្នឹងវាបង្កបញ្ហាច្រើនដល់សុខភាព។ យើងមានមេរោគក្រពះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រមាណ ៦០ ទៅ ៧០% ជាពិសេសនៅប្រទេសកម្ពុជា ហើយមេរោគក្រពះវាឆ្លងតាមរយៈមិនស្អាតហ្នឹងឯង»

ចំពោះទិន្នន័យជនអន្តោប្រវេសន៍វៀតណាម គណបក្សប្រឆាំងអះអាងថា មានចំនួនប្រមាណ ៥សែននាក់ ចំណែករដ្ឋាភិបាលវិញអះអាងដោយយោងតាមជំរឿនឆ្នាំ២០០២ ថាមានចំនួនតែជាងមួយសែនប៉ុណ្ណោះ។

អាជ្ញាធរនឹងចុះរើលំនៅឋានបែចិញ្ចឹមត្រី បើពលរដ្ឋវៀតណាមទាំង ៤៣គ្រួសារមិនព្រមចាកចេញទេនោះ។ តាមសេចក្ដីប្រកាសរបស់អាជ្ញាធរស្រុកល្វាឯម ពលរដ្ឋវៀតណាម ត្រូវតែចាកចេញពីភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល យ៉ាងយូរត្រឹមថ្ងៃទី២២ មិថុនា ជាកំហិត និងដោយគ្មានលក្ខខណ្ឌ។ បើសិនជាជនជាតិវៀតណាម ទាំងនេះ មិនព្រមចាកចេញទេ អាជ្ញាធរនឹងមានវិធានការក្ដី នឹងចុះរើលំនៅឋាន បែចិញ្ចឹមត្រីរបស់ពលរដ្ឋវៀតណាមទាំង ៤៣គ្រួសារនេះ តែជនជាតិវៀតណាម ទាំងនេះសុំពន្យារពេលរហូតដល់ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខ។ បញ្ហានេះ គេនៅចាំមើលទៀតថា តើអាជ្ញាធរនឹងពន្យារពេលជូនជនជាតិវៀតណាម តាមសំណើ ឬគេអនុវត្តសេចក្ដីជូនដំណឹងបណ្ដេញចេញនៅខែមិថុនានេះ ឬយ៉ាងណា?

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>