អូស្ត្រាលី​នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ

image_0

រដ្ឋាភិបាល​អូស្ត្រាលី នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា ឆាប់ៗ​នេះ ដោយ​យោង​លើ​កិច្ច​ព្រមព្រៀង​ថ្មី​ទៀត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី។ ក៏ប៉ុន្តែ មន្ត្រី​សិទ្ធិ​មនុស្ស​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ទទួល​យក​ជន​ ភៀស​ខ្លួន​អូស្ត្រាលី មក​កម្ពុជា នៅ​ខណៈ​ដែល​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ត្រឹមត្រូវ​នៅ​ឡើយ​នេះ។

សារព័ត៌មាន​អូស្ត្រាលី ឈ្មោះ​ថា ឌឹ អេជ (The Age) បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ មីនា ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​មក​ប្រទេស​កម្ពុជា នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ការ​គ្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ (Nauru) ប្រទេស​អូស្ត្រាលី មក​កម្ពុជា នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ អន្តោប្រវេសន៍​អូស្ត្រាលី លោក ភីតធឺ ឌុតុន (Petter Dutton)។

សារព័ត៌មាន​នេះ​ចុះ​ផ្សាយ​ថា អូស្ត្រាលី នឹង​បញ្ជូន​ជន​ភៀស​ខ្លួន​សាកល្បង​មក​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា ចំនួន ៣​គ្រួសារ​សិន ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត។

រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី លោក ភីតធឺ ឌុតុន មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​ជា​ថ្មី​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី ដើម្បី​សហការ​គ្នា​ជិតស្និទ្ធ​ក្នុង​ការ​ទប់ស្កាត់​ពី​ការ​គំរាម​កំហែង​ សន្តិសុខ ដែល​កើត​ឡើង​ពី​បទឧក្រិដ្ឋ និង​ការ​ភៀស​ខ្លួន​ខុស​ច្បាប់។ រីឯ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ វិញ​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​ការ​រត់​ពន្ធ​មនុស្ស​ខុស​ច្បាប់។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦ មីនា ថា ពួក​គាត់​មិន​ទាន់​ដឹង​ពី​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​វិល​ត្រឡប់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង មក​ដល់​កម្ពុជា វិញ​នៅ​ថ្ងៃ​ទី​២៧ មីនា។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ី.អេច្ឆ.អ.អេ.ស៊ី (CHRAC) លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា ប្រទេស​អូស្ត្រាលី ជា​ប្រទេស​ដែល​សក្ដិសម​ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន មិន​មែន​កម្ពុជា ជា​គោលដៅ​ទទួល​ជន​ភៀស​ខ្លួន​នោះ​ឡើយ៖ «សំឡេង»។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា បើ​សិន​ជា​កម្ពុជា ជា​ទី​កន្លែង​ទទួល​ជន​ភៀស​ខ្លួន និង​គោរព​សិទ្ធិ​មនុស្ស ពួក​គាត់​បាន​ចោទ​ជា​សំណួរ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​បាន​បញ្ជូន​ជន​ភៀស​ខ្លួន​ ម៉ុងតាញ៉ា-វៀតណាម ទៅ​ប្រទេស​វៀតណាម វិញ​ជា​បន្តបន្ទាប់? ក្រៅ​ពី​នេះ​ទៀត រដ្ឋាភិបាល​ក៏​ធ្លាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ជនជាតិ​អ៊ុយហ្គរ៍ អ្នក​កាន់​សាសនា​ឥស្លាម​ចំនួន ២០​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ផង បញ្ជូន​ទៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ដែល​ការ​បញ្ជូន​នេះ រដ្ឋាភិបាល​ទទួល​ការ​រិះគន់ និង​ថ្កោលទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ។

សារព័ត៌មាន​អូស្ត្រាលី ដដែល​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ទទួល​ថវិកា​ចំនួន ៤០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន​អូស្ត្រាលី នេះ។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ធ្លាប់​អះអាង​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ឲ្យ​មក​តាំង​ទី​លំនៅ​នៅ​កម្ពុជា នេះ ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយ​ដល់​ដំណើរ​ការ​ជួយ​ជន​ភៀស​ខ្លួន​នៅ​តំបន់​ អាស៊ី-ប៉ាស៊ីហ្វិក។ លោក​បញ្ជាក់​ថា នេះ​ក៏​ជា​កាយវិការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ចំពោះ​ការ​បំបរបង់​ចោល​ជន​ភៀស​ខ្លួន​ឲ្យ​មក​រស់នៅ​វេទនា​នៅ​កម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>